ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តបំផុត ខណៈដែលយុវតីជាសិស្សសាលាម្នាក់នេះ ព្រោះតែសេពគប់មិត្តភក្តិមិនល្អ វក់នឹងការដើរលេងសប្បាយ ភ្លេចការរៀនសូត្រ លុះឪពុកម្តាយស្តីបន្ទោស
ក៏មួម៉ៅក្តៅចិត្តទាមទារចុះចេញពីផ្ទះទៅរស់នៅជាមួយមិត្តភក្តិ ទោះជាឪពុកម្តាយលើកហេតុផលមកពន្យល់ និងអង្វរកយ៉ាងណា ក៏កូនស្រីមិនខ្ចីស្តាប់ ទើបឪពុកម្តាយដាច់ចិត្តថតបង្ហោះហ្វេសប៊ុក ទុកជាមេរៀនសម្រាប់ក្មេងស្រីផ្សេងៗទៀត កុំឱ្យយកគំរូតាម។
យុវតីដែលវក់នឹងការសប្បាយភ្លើតភ្លើន រហូតដល់ទាមទារចុះចេញពីផ្ទះទៅរស់នៅជាមួយមិត្តភក្តិ សូម្បីតែឪពុកម្តាយហាមឃាត់
អង្វរកក៏មិនខ្ចីស្តាប់រូបនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យចន្លោះ១៤ ទៅ១៥ឆ្នាំប៉ុណ្ណោះ។
តាមរយៈវីដេអូឃ្លីបរយៈពេល២នាទី និង០៧វិនាទី ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ បុរសជាឪពុករបស់យុវតីដែលទាមទារចុះចេញពីផ្ទះ បានរៀបរាប់ទាំងអួលដើមកថា
“មានអីទេ ថ្ងៃនេះ មានតែសុំផ្ញើឃ្លីបវីដេអូនេះ ដើម្បីឱ្យកូនខ្មែរទាំងអស់ចេះដឹង ជួយមើលផងនេះ មនុស្សដែលមិនចេះស្តាប់ដំបូន្មានម៉ែឪ ដើរលេង ទៅរៀនមិនដែលចូលសាលា ដើរតែលេងរហូត គេចម៉ែឪប្រដៅ
រត់មិនចូលផ្ទះ ខឹងម៉ែឪ ធ្វើម៉េចឥឡូវបើគេមិនស្តាប់យើង គេចង់ចុះចេញពីផ្ទះ យើងប្រដៅឃាត់គេ លើកទី១០ហើយ ដែលយើងអង្វរគេ លន់តួ ជាមួយគេ ឥឡូវគេមិនស្តាប់យើងទេ
យើងធ្វើជាឪគេវាលំបាកដល់ថ្នាក់ហ្នឹងមែន នេះហើយជាកម្មរបស់យើង ដែលយើងខំបង្កើតគេមក តែគេបែរជាមិនស្តាប់ដំបូន្មានយើង ធ្វើម៉េចឪពុកម្តាយតែងតែស្រលាញ់កូន
តែកូនគេមិនដែលស្រលាញ់ឪពុកម្តាយទេ សូមកូនខ្មែរទាំងអស់កុំយកតម្រាប់ តាមគាត់ទៀត ធ្វើម៉េចបើគាត់ធ្វើចឹងហើយ គាត់សុខចិត្តកាត់កាល់ម៉ែឪ ចុះចេញពីផ្ទះ សុខចិត្តទៅតាមមិត្តភក្តិគាត់
នេះជាជម្រើសរបស់គាត់នេះ ហើយគឺជាទុក្ខរបស់ម៉ែឪ ម៉ែឪមានតែទុក្ខប៉ុណ្ណឹង កូនគេដើរសប្បាយ ឪពុកម្តាយគិតពីកូន បារម្ភពីកូន តែកូនមិនដែលមានអារម្មណ៍ថាគិតពីម៉ែឪប៉ុណ្ណាទេ
គិតតែការសប្បាយមិនចូលសាលា ហើយឥឡូវជម្រើសរបស់គាត់ គាត់សម្រេចថា គាត់ចុះចេញពីផ្ទះទៅតាមមិត្តភក្តិរបស់គាត់ ខ្ញុំក៏អស់ជម្រើសដែល ខ្ញុំជាឪពុកគ្មានពាក្យអ្វីឃាត់ទៀតទេ គ្រាន់តែចង់ផ្ញើវីដេអូឃ្លីបនេះ
សុំកុំឱ្យកូនខ្មែរទាំងអស់ កុំឱ្យធ្វើតម្រាប់តាមគាត់អី កុំឱ្យឪពុកម្តាយមានអារម្មណ៍ឈឺចាប់ ខំចិញ្ចឹមយើងតាំងពីបាតជើងក្រហមរងាល រហូតដល់ប៉ុននេះហើយ គេក៏មិនដែលស្តាប់យើងជាឪពុកម្តាយគេ
យើងមានអី មានតែទឹកភ្នែក យើងអង្វរគេ ក៏គេលែងស្តាប់យើងហើយ នេះហើយគឺជាអារម្មណ៍នៃការឈឺចុកចាប់របស់ឪពុកម្តាយ គេលែងស្តាប់ យើងហើយ ចឹងធ្វើម៉េចទេ ធ្វើម៉េចបុណ្យយើង អកុសលផលបុណ្យរបស់យើង
ធ្វើមកពីជាតិមុនបានត្រឹមតែប៉ុណ្ណឹង បានជាតិហ្នឹងគេមិនស្តាប់យើង ខ្ញុំសូមអរគុណ និងសូមផ្ញើឃ្លីបវីដេអូនេះជូនដល់កូនខ្មែរទាំងអស់ កុំយកតម្រាប់តាមគាត់តទៅទៀត…”។
ក្រោយវីដេអូឃ្លីបខាងលើ ត្រូវបានបង្ហោះចែកចាយពេញក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមក គេឃើញមានការចែករំលែក និងផ្តល់ជាមតិយោបល់ផ្សេងៗគ្នា ដោយក្នុងនោះខ្លះបានលើកឡើងថា
ការអប់រំទូន្មានកូន មិនគួរថតយកមកបង្ហោះបែបនេះទេ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កូន ពិសេសកិត្តិយសគ្រួសារទាំងមូល ហេតុនេះគួរធ្វើការអប់រំ អូសទាញដោយការលួងលោម ពាក្យសម្តីទន់ភ្លន់ប្រសើរជាង។
ចំណែកមតិខ្លះ បានលើកឡើងថា តាមអ្វីដែលបុរសជាឪពុកបានរៀបរាប់ខាងលើ គឺនេះមិនមែនជាលើកទី១ នៃការអប់រំកូនស្រីនេះទេ ប៉ុន្តែជាលើកទី១០ហើយ ដែលឪពុកម្តាយខំប្រឹងអប់រំ អង្វរក
អូសទាញកុំឱ្យកូនូស្រីប្រព្រឹត្តខ្លួនបែបនេះ គេចសាលា ដើរហើរសេពគប់មិត្តភក្តិមិនល្អ ពិសេសទាមទារចុះចេញពីផ្ទះ លុះអស់ជម្រើស ទើបបុរសជាឪពុកសម្រេចចិត្តថតវីដេអូឃ្លីបបង្ហោះ ដើម្បីកុំឱ្យកូនប្រុសស្រីផ្សេងទៀតយកគំរូតាម ប៉ុណ្ណោះ។
ជាមួយនេះ មានការលើកឡើងផងដែរថា នេះគឺជាទង្វើភ្លើតភ្លើនរបស់យុវវ័យឈាមរាវ ដែលកំពុងវក់នឹងការសប្បាយ ភ្លេចគិតការរៀនសូត្រ មិនខុសពីសត្វមមាចប្រលែងភ្លើងនោះទេ តែបើបណ្តោយឱ្យស្គាល់រសជាតិជីវិតមួយឆាវហើយ ច្បាស់ជាភ្លឺភ្នែក វិលមករកឪពុកម្តាយវិញមិនខាន៕