ពេជ្រ សូលីកា ព្រមានចាត់វិធានការចំពោះជនអនាមិក ដែលលួចចែកចាយបទចម្រៀង របស់នាង គ្មានការអនុញ្ញាត…(មានវីដេអូ)
ភ្នំពេញ ៖ តារាចម្រៀងនាង ពេជ្រ សូលីកា បានប្រកាសចាត់វិធានការទៅលើជនអនាមិក ដែលបានលួចចែកចាយបទចម្រៀងមួយបទ របស់នាងដោយគ្មានការអនុញ្ញាត នៅលើបណ្តាញសង្គមហ្វេសប៊ុក។
ដោយមិនទាន់បញ្ជាក់ពីវិធានការបែបណាចំពោះរឿងខាងលើនេះ ប៉ុន្តែ ពេជ្រ សូលីកា បានព្រមានចាត់វិធានការដោយមិនលើកលែងចំពោះជន ដែលបានចែកចាយបទចម្រៀងរបស់នាងដែលមានចំណងជើងថា មានអ្នកត្រូវការខ្ញុំទេ ដោយមិនមានការអនុញ្ញាត។
ពេជ្រ សូលីកា បានបង្ហោះសារនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា បទ មានអ្នកត្រូវការខ្ញុំទេ ត្រូវបានជនអនាមិកលួចបង្ហោះចែកចាយជាសាធារណៈ ខ្ញុំមិនលើកលែងឲ្យទេ ព្រោះវាជាញើសឈាមរបស់ខ្ញុំ អាពួកវាខូច កុំអោយវាដេកស្រួលអោយសោះ។
សារព្រមាននេះបានធ្វើអោយមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលដែលបណ្តាប្រិយមិត្តគាំទ្ររបស់នាងជាច្រើន ក៏បានយល់ស្របចំពោះការប្រកាសខាងលើរបស់តារាស្រីរូបនេះផងដែរ។
បទចម្រៀងរបស់ ពេជ្រ សូលីកា ដែលមានចំណងជើងថា មានអ្នកត្រូវការខ្ញុំទេ ត្រូវបានតារាចម្រៀងរូបនេះបង្ហោះជាវីដេអូខ្លីៗប៉ុណ្ណោះ តាមរយៈបណ្តាញសង្គមប៉ុណ្ណោះ ដោយមានចេញជាផ្លូវការនៅឡើយទេ។
បទចម្រៀងដែលមានអត្ថន័យចាក់ដោតនេះក៏ទទួលបានការចាប់អារម្មណ៍ផងដែលពីទស្សនិកជន បើទោះបីជាបទនេះនៅមិនទាន់បានចេញជាផ្លូវការក៏ដោយ។
ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ ពេជ្រ សូលីកា ត្រូវបានគេមើលឃើញថា នាងបានចេញបទចម្រៀងដែលមានចំណងជើង និងអត្ថន័យចាក់ដោតខ្លាំង ក្រោយពេលដែលនាងបានពើបប្រទះរឿងស្នេហាបែកបាក់នឹកស្មានមិនដល់។
ចាប់តាំងពីការបែកបាក់នេះមកតារាចម្រៀងស្រីរូបនេះ ហាក់មានការសោកសៅ និងពិបាកចិត្តយ៉ាងខ្លាំង ក្នុងជារឿយៗនាងតែងតែសម្រក់ទឹកភ្នែក ក្រោយពេលបកស្រាយចម្រៀងបែបមនោសញ្ចេតនា
ចាក់ចំបេះដូងរបស់នាង។ យ៉ាងណាមកទល់នាពេលនេះ ពេជ្រ សូលីកា បានតាំងចិត្តធ្វើខ្លួនរឹងមាំឡើងវិញ ដោយនាងបានងាកមកពង្រឹងអាជីពសិល្បះចម្រៀងរបស់នាងជាថ្មី ជាមួយនឹងការចេញបទថ្មីៗជាបន្តបន្ទាប់ផងដែរ៕